ប្រការគួរយល់ដឹងសម្រាប់អ្នកម្ដាយ ចំពោះអាហារពេលព្រឹករបស់កូនៗជាទីស្រលាញ់...


ជាធម្មតាមនុស្សយើងគួរញ៉ាំអាហារក្នុងមួយថ្ងៃ ពេលចម្បងៗ សម្រាប់មនុស្សធំគឺ ពេលព្រឹក ពេលថ្ងៃ និងពេលល្ងាចតែសម្រាប់ក្មេងៗវិញ ជាពិសេសក្មេងតូច អាចបន្ថែមអាហារមុនពេលថ្ងៃត្រង់ និងពេលរសៀលបាន ដើម្បីឱ្យទទួលបានថាមពល និងសារជាតិអាហារឱ្យគ្រប់គ្រាន់។
អ្នកម្តាយខ្លះអាចនឹងមានសំនួរថា តើអាហារក្នុងមួយពេលៗគួរមានបរិមាណស្មើគ្នាដែរឬទេ? ជាគោលការណ៍នោះ គួរតែស្មើៗគ្នា តែនៅក្នុងការប្រតិបត្តិវិញ ប្រហែលជាពិបាកធ្វើបានណាស់។
ភាគច្រើនអាហារពេលព្រឹកគឺជាពេលដែលបានទទួលតិចបំផុតបើប្រៀបធៀបជាមួយពេលថ្ងៃ និងពេលល្ងាច។ ពេលព្រឹក គឺជាពេលដែលប្រញាប់ អ្នកម្តាយត្រូវត្រៀមខ្លួនទៅធ្វើការ កូនតូចក៏ត្រូវត្រៀមខ្លួនទៅរៀនដូចគ្នា ទំរាំនឹងដាស់ឱ្យភ្ញាក់បាន ទំរាំនឹងតែងខ្លួនរួច ស្ទើរតែគ្មានពេលនឹកដល់រឿងអាហារឡើយ ដូច្នេះការញ៉ាំអាហារពេលព្រឹកនៅផ្ទះស្ទើរតែមិនអាចទៅរួចឡើយ ភាគច្រើនត្រូវទៅញ៉ាំនៅសាលា ហើយបើថ្ងៃណាយឺតពេលផងនោះអាចនឹងត្រូវមិនបានញ៉ាំអាហារពេលព្រឹកតែម្តងក៏អាចថាបានដែរ។
អាហារពេលណាសំខាន់បំផុត?
            ចម្លើយនោះគឺ អាហារពេលព្រឹក ព្រោះយើងអត់អាហារមកពេញមួយយប់ហើយ អាច 8 – 10 ម៉ោងទៀតផងពេលប្រៀបធៀបជាមួយអាហារពេលថ្ងៃ និងអាហារពេលល្ងាចដែលយ៉ាងយូរបំផុតយើងអត់បានញ៉ាំអីត្រឹមតែ 5 – 6 ម៉ោងប៉ុណ្ណោះ។ ខួរក្បាលរបស់មនុស្សយើងត្រូវទទួលបានថាមពលពីអាហារ ទើបធ្វើការបានតាមប្រក្រតី ដូច្នេះអ្នកដែលអត់អាហារពេលព្រឹក ជាពិសេសក្មេងៗដែលត្រូវរៀនសូត្រ នឹងគ្មានសមាធិក្នុងការរៀន ភាពតាំងចិត្តក្នុងការរៀនថយចុះ គិតអ្វីមិនចេញ វឹលវល់ មួម៉ៅ ល្វើយ និងងងុយគេង អ្នកខ្លះអាចមានអាការឈឺពោះ ឬឈឺក្បាលបានទៀតផង។ អាការទាំងនេះជួបប្រទះនៅលើអ្នកដែលអត់អាហារពេលព្រឹក បើកុមារដែលបានញ៉ាំអាហារពេលព្រឹកនឹងគ្មានអាការទាំងនេះទេ។
អាហារពេលព្រឹកពេញដោយគុណប្រយោជន៍ខាងភោជនាហារ
            អ្នកម្តាយគួរផ្តល់ពេលវេលាបន្តិចជាមួយការត្រៀមអាហារឱ្យកូន អ្នកម្តាយអាចត្រូវលះបង់ពេលវេលាគេង ដោយគួរភ្ញាក់ពីព្រឹកក្នុងមួយថ្ងៃប្រមាណជា 15 នាទី ដើម្បីកម្តៅអាហារពេលព្រឹកឱ្យកូន ដែលត្រៀមទុកហើយជាស្រេចតាំងពីពេលយប់ ឬត្រៀមថ្មីៗនៅពេលព្រឹកចំពោះអាហារខ្លះ។ បើសឹនជារៀបផែនការឱ្យស្រួល នឹងឃើញថាមិនពិបាកនោះទេក្នុងការមានអាហារឱ្យកូនញ៉ាំនៅពេលព្រឹកនោះ។
អាហារដែលពេញដោយគុណប្រយោជន៍ខាងភោជនាហារសម្រាប់កូនញ៉ាំនៅពេលព្រឹកនោះមានដូចជា បាយឆា មីឆា ម៉ាក់ការ៉ូនីឆា បាយសាច់ជ្រូក/មាន់ បបរសាច់ជ្រូក/មាន់ ជាដើម ដែលអាចប្រើពេលកម្តៅមិនលើសពី 5 នាទីឡើយ និងបើមានឆ្នាំងម៉ៃក្រូវេហ្វផងនោះក៏ប្រើពេលវេលាត្រឹមតែ 1 នាទីប៉ុណ្ណោះ។ អ្វីដែលសំខាន់នោះគឺ អ្នកម្តាយមិនគួរភ្លេចយកទឹកដោះគោប្រអប់ឱ្យកូនបានញ៉ាំដើម្បីបន្ថែមគុណប្រយោជន៍ខាងអាហារពេលព្រឹកឡើយ។
លទ្ធផលរបស់ការមិនបានញ៉ាំអាហារពេលព្រឹកនឹងបង្ហាញឱ្យឃើញច្បាស់ឡើងនៅលើក្មេងធំ ព្រោះត្រូវប្រើខួរក្បាលច្រើនក្នុងការរៀន ដែលអាចមានផលប៉ះពាល់ដល់ការរៀនសូត្រក្នុងរយៈពេលវែង ដូច្នេះអ្នកម្តាយគួរផ្តល់ការយកចិត្តទុកដាក់ក្នុងការរៀបចំអាហារពេលព្រឹកឱ្យកូនសម្លាញ់ ចូរកុំភ្លេចថា អាហារពេលព្រឹកជាអាហារពេលសំខាន់បំផុតសម្រាប់គ្រប់គ្នា៕

Comments

Popular posts from this blog

វិធីសាស្ដ្រក្នុងការអភិវឌ្ឍន៍ IQ និង EQ ដល់កូនតូចតាំងពីនៅក្នុងផ្ទៃ