វិធីបណ្តេញខ្យល់ចេញពីក្នុងពោះកូនពេលកូនតូចចុកឆ្អល់
កូនតូចៗស្រែកយំគឺជានិមិត្តសញ្ញាដើម្បីប្រាប់ឱ្យយើងដឹងថា គេកំពុងមានអារម្មណ៍យ៉ាងណា ត្រូវការអ្វី និងពេលយើងសង្កេតមើលជារឿយៗ និងចាប់ផ្តើមស៊ាំធ្លាប់ជាមួយកូនតូចហើយនោះ យើងនឹងអាចតបស្នងតម្រូវការរបស់កូនតូចបានត្រូវនឹងបញ្ហា និងដឹងថាកូនតូចនឹងស្រែកយំក្នុងលក្ខណៈខុសប្លែកពីគ្នាទៅតាមអាការ។ បើកូនស្រែកយំហើយ អ្នកម្តាយលើកពលួងឱ្យបៅដោះក៏មិនព្រមបៅ យំឡើងរឹងខ្លួនដៃជើងប្រឹងឡើង-ង បើយកដៃស្ទាបក្បាលពោះកូននឹងដឹងថាក្បាលពោះកូនឡើងរឹងនោះ បញ្ជាក់ថាកូនឈឺពោះហើយ។ មូលហេតុរបស់អាការឈឺពោះនៅលើក្មេងតូចៗដែលជួបប្រទះញឹកញាប់នោះគឺ មានខ្យល់នៅក្នុងពោះ ឬហើមពោះ ជាអាការប្រក្រតីដែលលោកឪពុកអ្នកម្តាយអាចសម្រាលអាការនេះឱ្យកូនតូចបាន។
ការពារមុនពេលកូនឈឺ : ក្រោយបំបៅដោះកូនហើយគ្រប់ពេល អ្នកត្រូវពកូនឡើង ដើម្បីឱ្យកូនភើការពារអាការណែនពោះ ដោយត្រូវពតាមវិធីឱ្យក្បាលកូនទ្រោបលើស្មាអ្នកម្តាយ ហើយអង្អែលខ្នងស្រាលៗជារឿយៗរហូតទាល់តែកូនតូចភើចេញមក ឬឱ្យកូនអង្គុយលើភ្លៅក្នុងលក្ខណៈបែរចំហៀងដាក់អ្នកម្តាយ ដៃម្ខាងរបស់អ្នកម្តាយប្រគងចង្កា និងក្បាលកូនឱ្យជាប់ ដៃម្ខាងទៀតក៏អង្អែលខ្នងកូនស្រាលៗរហូតទាល់តែកូនតូចភើ ឬផោមចេញមក។ ក្មេងខ្លះប្រើពេលមិនយូរប៉ុន្មានក៏ភើទៅហើយ តែក្មេងខ្លះទៀតអ្នកម្តាយអាចត្រូវព ឬចាំឱ្យភើរហូតដល់ទៅ15នាទីឯណោះ ដែលនេះគឺជារឿងធម្មជាតិរបស់ក្មេងម្នាក់។
កូនបៅទឹកដោះម្តាយ : ត្រូវពឱ្យកូនបៅដោះម្តាយឱ្យត្រឹមត្រូវតាមវិធី ឱ្យកូនហារមាត់ឱ្យធំល្មមនឹងបៀមក្បាលដោះជញ្ជក់ ដើម្បីការពារកុំឱ្យកូនបឺតខ្យល់ចូលទៅក្នុងពោះ ហើយកូនក៏នឹងបានទទួលទឹកដោះម្តាយយ៉ាងពេញលេញដែរ។
កូនបៅទឹកដោះគោ : ត្រូវរៀបចំឥរិយាបទឱ្យកូនបៅឱ្យបានត្រឹមត្រូវ ទឹកដោះត្រូវតែពេញដល់ក្បាលជញ្ជក់ជានិច្ច មិនដូច្នោះទេកូននឹងបឺតខ្យល់ចូលទៅក្នុងពោះច្រើនមិនខាន និងគួរជ្រើសរើសក្បាល-ដោះឱ្យមានខ្នាតសមល្មមនឹងអាយុកូន ដើម្បីកុំឱ្យទឹកដោះហូរចេញយឺត ឬលឿនជ្រុលពេក។
អ្នកម្តាយដែលបំបៅដោះកូន : ព្យាយាមទទួលទានអាហារណាដែលមានខ្ញី ព្រោះខ្ញីមានគុណសម្បត្តិក្នុងការបណ្តេញខ្យល់បានល្អ ដែលគុណសម្បត្តិនេះនឹងបញ្ជូនបន្តតាមរយៈទឹកដោះម្តាយទៅក្នុងខ្លួនកូនហ្នឹងឯង។
ធ្វើម៉ាស្សាពោះឱ្យកូន : ដោយការដាក់កូនឱ្យគេងផ្ងារ ហើយធ្វើម៉ាស្សាជារង្វង់លើបរិវេណក្បាលពោះ ដោយស្មានទម្ងន់ដៃមិនឱ្យស្រាលពេក ឬធ្ងន់ពេក និងជ្រើសរើសធ្វើនៅពេលដែលកូនមានអារម្មណ៍ល្អមិនគួរធ្វើនៅពេលដែលកូនឃ្លាន ឬក្រោយពេលបំបៅទឹកដោះហើយនោះទេ។ បើឃើញថាកូនស្រែកយំព្រោះឆ្អល់ពោះ ឬមានខ្យល់នៅក្នុងពោះច្រើនក៏មានវិធីកែខៃដូចគ្នា ៖ • ពកូនក្នុងឥរិយាបទដែលសប្បាយៗ ដើម្បីជួយបណ្តេញខ្យល់ក្នុងក្រពះចេញ។ • លាបប្រេងកូឡា ឬឱសថបុរាណណាដែលមានធាតុផ្សំរបស់មើមខ្ញីនៅលើពោះរបស់កូន ដើម្បីបណ្តេញខ្យល់ក្នុងពោះកូនតូច។ • បញ្ចុកថ្នាំបណ្តេញខ្យល់សម្រាប់ទារក(តែគួរប្រឹក្សាជាមួយលោកគ្រូពេទ្យជាមុនថា តើទម្ងន់ខ្លួនកូនប៉ុណ្ណឹង គួរឱ្យញ៉ាំប៉ុន្មានទើបជាការប្រសើរ)។ • បើលើកពហើយនៅតែមិនបាត់យំទៀត សាកល្បងឱ្យកូនគេងមួយស្របក់ ហើយសឹមលើកពម្តងទៀត វិធីនេះអាចជួយឱ្យកូនភើបានកាន់តែងាយឡើង។ • ដាក់កូនឱ្យគេងផ្ងារ ហើយចាប់ជើងកូនឡើងក្នុងឥរិយាបទដូចធាក់កង់ ឬបញ្ជុចជង្គង់កូនហើយរុញតិចៗឱ្យទៅជិតក្បាលពោះ តែត្រូវធ្វើដោយថ្នម។ • បើកូនស្រែកយំរាល់ថ្ងៃក្នុងពេលតែមួយ កូនអាចនឹងចូលក្នុងចំណោមអាការយំ100ថ្ងៃ ឬយំខូលិក បើកូនមានអាការបែបនេះអ្នកម្តាយត្រូវប្រើភាពអត់ធ្មត់ខ្លាំងណាស់ក្នុងការជួយសម្រាលអាការរបស់កូន ត្រូវធ្វើចិត្តត្រជាក់ៗ និងទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ។ • បើកូនស្រែកយំខុសប្រក្រតី ដូចជា ស្រែកយំវ៉ាសឡើង ស្រែកយំឡើងគាំង ដៃជើងត្រជាក់ ស្លេកស្លាំង ចូរកុំព្រងើយត្រូវប្រញាប់នាំកូនតូចទៅជួបលោកគ្រូពេទ្យភ្លាម ព្រោះអាចកើតសភាវឈឺពោះផ្សេងទៀតដូចជា រមួលពោះវៀនដែលជាសភាវគ្រោះថ្នាក់ណាស់សម្រាប់ក្មេងតូច៕
Comments
Post a Comment