ស្ត្រីមានគភ៌ជិតប្រសូតគួរធ្វើ ដើម្បីត្រៀមទទួលកូនសម្លាញ់
រឿងដ៏អស្ចារ្យម្យ៉ាងក្នុងជីវិតរបស់មនុស្សស្រីដូចយើង
គឺការបានធ្វើជាម្តាយរបស់គេ ដែលស្ត្រីទាំងឡាយត្រូវស៊ូទ្រាំ
និងលះបង់អស់រយៈពេល៩ខែ រឹតតែក្នុងអំឡុងខែទី៧-៩ ឬត្រីមាសទី៣ផងនោះ
គឺជាអំឡុងពេលចុងក្រោយដ៏សំខាន់បំផុត
ព្រោះជិតដល់ពេលផ្តល់កំណើតជីវិតមួយឡើងហើយ។
តែមុនពេលកូនសម្លាញ់ក្នុងផ្ទៃជិតចេញមកបើកភ្នែកមើលពិភពលោក ស្ត្រីមានគភ៌ដែលជិតប្រសូតមកមើល
៧រឿងដែលស្ត្រីមានគភ៌ជិតប្រសូតគួរតែធ្វើ
ដើម្បីនឹងបានប្រសូតកូនតូចចេញមកយ៉ាងសប្បាយចិត្តឥតកង្វល់។
១- ត្រៀមដាក់ឈ្មោះកូនសម្លាញ់
: លោកឪពុកអ្នកម្តាយគួរតែប្រឹក្សាគ្នារឿងឈ្មោះរបស់កូនតូចទុកជាមុន
ព្រោះបើសិនដល់ពេលប្រសូតហើយនៅសម្រេចចិត្តមិនទាន់បាននោះ ខាងមន្ទីរពេទ្យនឹងដាក់ឈ្មោះឱ្យភ្លាមតែម្តង
ហើយនិងច្បាស់ជាត្រូវមករវល់នៅពេលក្រោយមិនខាន
បើសិនជាត្រូវការប្តូរឈ្មោះកូនសម្លាញ់នោះ
ដូច្នេះវិធីដែលល្អឪពុកម្តាយគួរតែប្រឹក្សាគ្នាឱ្យរួចរាល់
រកឈ្មោះដែលមានអត្ថន័យល្អៗ ដើម្បីទុកប្រាប់បុគ្គលិកខាងមន្ទីរពេទ្យនៅពេលប្រសូតហើយភ្លាម។
២- ដឹងច្បាស់ពីពេលកំណត់នៃថ្ងៃប្រសូត :
ចំណុចនេះស្ត្រីមានគភ៌ត្រូវប្រឹក្សាជាមួយគ្រូពេទ្យដែលខ្លួនបានទៅពិនិត្យគភ៌ជាប្រចាំនោះឱ្យបានច្បាស់ថា
តើកំណត់ប្រសូតត្រូវនឹងថ្ងៃណា ដែលជារឿងល្អបំផុតចំពោះខ្លួនអ្នកម្តាយ
និងកូនតូច
ព្រោះដើម្បីស្ត្រីមានគភ៌មានពេលវេលាត្រៀមខ្លួនឱ្យបានល្អមុននឹងដល់ថ្ងៃនោះមែនទែន
និងដើម្បីកូនតូចប្រសូតចេញមកមានសុខភាពល្អ រឹងប៉ឹង និងមាំមួនល្អ។
៣- ថតរូបក្នុងអំឡុងពេលផ្ទៃពោះកំពុងធំ
: ដើម្បីជាការរក្សាទុករូបភាពនៃការចងចាំ ស្ត្រីមានគភ៌អាចនឹងថតរូបខ្លួនឯងពោះធំក្នុងឥរិយាបថផ្សេងៗ
ថតរួមជាមួយស្វាមី ឪពុកម្តាយ សាច់ញាតិ ឬមិត្តភក្តិ
ព្រោះនៅពេលដល់ថ្ងៃដែលកូនសម្លាញ់ធំឡើង
អ្នកម្តាយអាចយករូបថតទាំងនោះមកឱ្យគេមើល និងប្រាប់គេថា កាលពីពេលមួយនោះ
កូនៗធ្លាប់នៅក្នុងពោះប៉ោងៗរបស់ម៉ាក់នេះ
ដែលវានឹងជួយសាងសម្ពន្ធភាពដ៏ល្អរវាងម្តាយ និងកូនតូច។
៤-
ត្រៀមរបស់ប្រើប្រាស់សម្រាប់កូនតូច : ប្រាកដណាស់ថា
មិនប៉ុន្មានសប្តាហ៍ខាងមុខនេះ
នឹងមានជីវិតតូចមួយចូលមករួមរស់អាស្រ័យនៅក្នុងផ្ទះហើយ
ដូច្នេះស្ត្រីជាម្តាយគួររកមើលរបស់របរផ្សេងៗសម្រាប់ទារកទើបនឹងកើតមកទុក
ដើម្បីត្រៀមឱ្យរួចជាស្រេចដូចជា ក្រណាត់កន្ទប ស្រោមដៃ ស្រោមជើង
ក្រដាសសើមសម្រាប់ជូតសម្អាតឧបករណ៍សម្រាប់ផ្ងូតទឹកកូន
និងរទេះកូនតូចទុកសម្រាប់ពេលមានការចាំបាច់ត្រូវធ្វើដំណើរទៅក្រៅផ្ទះផងដែរ។
៥- រកអ្នកមកជួយធ្វើការងារផ្ទះ
: ក្នុងអំឡុងត្រីមាសទី៣នេះ
ស្ត្រីមានគភ៌អាចនឹងធ្វើការងារផ្ទះមិនសូវជាស្រួលប៉ុន្មានឡើយ
ហើយបើស្វាមីត្រូវធ្វើការមិនទំនេរក្នុងការធ្វើការងារផ្ទះផងនោះ
ស្ត្រីមានគភ៌គួរតែរកជួលអ្នកនៅជាមួយម្នាក់ ដើម្បីមើលថែទាំសម្អាតផ្ទះក្នុងពេលដែលខ្លួនត្រូវទៅគេងសម្រាកនៅឯមន្ទីរពេទ្យក្នុងរយៈពេលយូរ
ព្រោះបើគ្មានអ្នកមើលថែទាំបោសសម្អាតផ្ទះទេនោះ អាចនឹងធ្វើឱ្យផ្ទះកខ្វក់
មានល្អងធូលីដីដែលមិនល្អចំពោះទារកសោះឡើយ
ដូច្នេះស្ត្រីមានគភ៌ជិតប្រសូតគួរតែគិតគូររឿងនេះដែរ។
៦-
ត្រៀមរបស់របរប្រើប្រាស់ទុករួចជាស្រេច :
អនាគតអ្នកម្តាយប្រហែលជាមិនចង់រវល់វីវក់ក្នុងសប្តាហ៍ចុងក្រោយមុននឹងទៅប្រសូតបុត្រទេ
មែនទេ? ដូច្នេះស្ត្រីមានគភ៌ត្រូវត្រៀមរបស់របរគ្រឿងប្រើប្រាស់ទាំងអស់ឱ្យរួចជាស្រេច
ដែលក្នុងកាបូបរបស់អនាគតអ្នកម្តាយនេះត្រូវមានឯកសារផ្ទាល់
ខ្លួនសៀវភៅតាមដានគភ៌ របស់របរប្រើប្រាស់ផ្ទាល់ខ្លួន និងឈុតខាងក្នុង
ដើម្បីពេលមានអាការឈឺពោះអនាគតអ្នកម្តាយអាចនឹងទៅមន្ទីរពេទ្យបានភ្លាមតែម្តង។
៧- បន្ធូរអារម្មណ៍
ធ្វើចិត្តឱ្យសប្បាយ : ជឿថា ស្ត្រីមានគភ៌ភាគច្រើនត្រូវតែកើតអាការកង្វល់ជាមួយការប្រសូតដែលកំពុងតែជិតចូលមកដល់
ដើម្បីជាការបន្ធូរបន្ថយអារម្មណ៍ ស្ត្រីមានគភ៌អាចចេញទៅមើលកុន ញ៉ាំបាយ
ដើរលេងនៅតាមសួនសាធារណៈ ណាត់មិត្តភក្តិនិយាយគ្នាលេង
ដើម្បីកុំឱ្យកើតភាពតានតឹងធុញថប់ឡើងច្រើនតែទាំងអស់នេះ
បើដើរចេញទៅក្រៅផ្ទះគួរប្រយ័ត្នប្រយែងក្នុងការធ្វើចលនាផង។
ស្ត្រីមានគភ៌ជិតប្រសូតដែលស្ថិតក្នុងអំឡុងត្រីមាសទី៣
គួរតែប្រយ័ត្នប្រយែងជាពិសេសតែម្តង
ព្រោះជាអំឡុងពេលដែលទារកជិតចេញមកបើកភ្នែកមើលពិភពលោកហើយ ហើយថែមទាំងគួរត្រៀមខ្លួនឱ្យរួចជាស្រេចដូចចំណុចទាំង៧ខាងលើ
ដើម្បីដល់ពេលវេលាឈឺពោះប្រសូតមែនទែន ស្ត្រីមានគភ៌មិនចាំបាច់ប្រញាប់ប្រញាល់
ឬភ្លេចនេះភ្លេចនោះ និងធ្វើការប្រសូតបានយ៉ាងសប្បាយចិត្ត
ព្រមទាំងមានសុវត្ថិភាពទាំងម្តាយ ទាំងកូន៕
Comments
Post a Comment