ប្រការទាំង ៥ ដែលគួរជៀសវាងនៅពេលមានកូនឪពុកម្តាយថ្មោងថ្មីគួរតែដឹង!


អាច​ហៅ​បាន​ថា ជាការ​ចាប់ផ្តើម​ក្លាយជា​លោកឪពុក​អ្នក​ម្តាយ​ថ្មោងថ្មី​ហើយ  នៅពេល​មាន​សមាជិក​ថ្មី​តូច​មួយទៀត​មក​នៅក្នុង​ផ្ទះ​ជាមួយ​ដែរ គឺជា​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ក៏​អាច​ថា​បានដែរ ព្រោះ​អ្វីដែល​ធ្លាប់ធ្វើ​រហូត​ធ្លាប់ខ្លួន ឬអ្វី​ដែល​ចូលចិត្ត​ធ្វើជា​ប្រចាំ​រាល់​ថ្ងៃនោះ នឹង​លែង​បានធ្វើ ព្រោះ​គ្មាន​ពេលវេលា​ដូច​មុន ទើប​មិនចាំបាច់​នឹក​ចម្លែក​ចិត្ត​ឡើយ​ដែល​មនុស្ស​ជាច្រើន​ខ្លា​ចការ​មានកូន​នោះ តែបើ​ថ្ងៃ​ណាមួយ​ចាប់ផ្តើម​ក្លាយខ្លួនជា​ឪពុក​គេ ម្តាយ​គេ​ហើយ គួរតែ​ចៀសវាង ៥រឿង​ខាងក្រោម​នេះ​ឱ្យបាន​ដាច់ខាត ព្រោះ​រឿង​ទាំងអស់នោះ ជា​រឿង​ដែល​ឪពុកម្តាយ​ថ្មោងថ្មី​ច្រើន​នាំគ្នា​តែ​ធ្វើជា​ប្រចាំ​ក៏​អាច​ថា​បានដែរ។

. ចូល​គេង​យប់​ជ្រៅ
ដឹង​ហើយ​ថា ពេល​មានកូន​ហើយ ពេលវេលា​ផ្ទាល់ខ្លួន ឬ​ពេលវេលា​ដែលមាន​រួមគ្នា​បែប​ស្វាមីភរិយា​នោះ​នឹង​បាត់អស់​ខ្លះ​មិន​ខាន តែបើ​លោកអ្នក​គិតថា នឹង​ប្រើ​ពេលវេលា​នៅពេល​យប់​ពេល​កូន​គេង​លក់​ហើយ ដើម្បី​ធ្វើ​ការងារ​ផ្ទាល់ខ្លួន​នោះ សូម​ប្រាប់​ទៅ​ចុះ​ថា នេះ​គឺ ជា​រឿង​ដែល​លោកអ្នក​មិនគួរ​ធ្វើជា​ដាច់ខាត  ព្រោះ​បើសិន​លោកអ្នក​ចូល​គេង​យប់​ជ្រៅ  ហើយ​ត្រូវ​ងើបឡើង​នៅពេល​កូន​ស្រែក​យំទារ​ផ្លាស់​កន្ទប ឬ​ត្រូវ​ភ្ញាក់​ពី​ព្រលឹម​ដោយ​សំឡេង​កូន​ស្រែកយំ​នោះ ធានាថា​រឿងនេះ​ច្បាស់​ជាមាន​ការខឹង​មួម៉ៅ​យ៉ាងពិត​ប្រាកដ​បើ​ត្រូវការ​មាន​ពេលវេលា​ផ្ទាល់ខ្លួន គួរតែ​ជួល​មេដោះ​មក​មើលថែទាំ​កូនតូច​ទើប​ជាការ​ប្រសើរ។

. ដាស់​កូនតូច​ឱ្យ​ភ្ញាក់ឡើង
ឪពុកម្តាយ​ជាច្រើន​អាច​នឹង​ខ្លាច​អាការ SIDS ឬ​អាកា​រគេង​មិន​ព្រម​ភ្ញាក់​របស់​ទារក ទើប​ធ្វើឱ្យ​លោកអ្នក​ត្រូវ​ដាស់​ឱ្យ​កូនតូច​ភ្ញាក់​ឡើងជា​ញឹកញាប់ ដែល​រឿងនេះ​គឺជា​ទង្វើ​ដែល​គួរ​ចៀសវាង​ដូចគ្នា​មួយ​ដែរ ព្រោះ​បើ​កូនតូច​ភ្ញាក់ឡើង​ហើយ​លោកអ្នក​អាច​នឹងត្រូវ​ហត់នឿយ​ជាមួយនឹង​ការ​ត្រូវ​លួង និង​ស្តាប់​សំឡេង​ស្រែកយំ​រាប់​ម៉ោង​របស់​កូនតូច​មិន​ខាន ដូច្នេះ​រឿង​ដែល​ល្អ​គួរ​សាកល្បង​ប្រើ​វិធី​ការ​ផ្សេង​ណា​ដែល​មិនមែន​ជាការ​រុក​គួ​ន​រំខាន​គេ​វិញ​ប្រសើ​ជាង ដូចជា សង្កេតមើល​នៅត្រង់​ខ្នង ឬ​ក្បាលពោះ​ថា នៅតែ​កម្រើក​ឡើង​ចុះ​ផឺតផត ឬ​យក​ម្រាមដៃ​ទៅ​ដាក់​ក្រោម​ច្រមុះ​របស់​កូន​ដើម្បី​ពិនិត្យ​ខ្យល់​ដង្ហើម​ក៏បាន។

3. មិន​ចែករំលែក​ឱ្យ​ប្តី ឬ​ប្រពន្ធ​ជួយ​មើលថែ
កូន​ផង​លោកឪពុក​អ្នក​ម្តាយ​ថ្មោងថ្មី​អាច​នឹង​គិតថា ចង់​មើលថែទាំ​កូន​តែម្នាក់ឯង ដើម្បីឱ្យ​ស្វាមី ឬ​ភរិយា​របស់ខ្លួន​មើលឃើញថា អ្នក​អាច​ធ្វើបាន​ព្រោះ​ជួនកាល​ស្វាមី ឬ​ភរិយា​អាច​ត្រូវ​ចេញទៅ​ធ្វើការ​នៅពេល​ព្រឹក ទើប​មិន​ចង់ឱ្យ​គាត់ ឬ​នាង​ត្រូវ​មក​នឿយហត់ ក្នុងការ​មើលថែទាំ​កូន​ម្នាក់ទៀត  តែ​សូម​ប្រាប់​ទៅ​ចុះ​ថា រឿងនេះ​ជា​រឿង​ដែល​មិនគួរ​ទាល់តែសោះ ព្រោះ​អ្នក​មិន​ព្រម​ចែករំលែក​ឱ្យ​ស្វាមី ឬ​ភរិយា​មើលថែទាំ​កូនតូច​ផង​ដែរនោះ​អ្នកនឹង ត្រូវធ្វើ​តែម្នាក់ឯង​ទាំងអស់ តាំងពី​ប្តូរ​កន្ទប លាង​ដប​ទឹកដោះគោ បញ្ចុក​បាយ ងូតទឹក ជូត​សម្អាត​លាមក ដែល​វា​មិន​ត្រឹមតែ​នឹងធ្វើ​ឱ្យ​អ្នក​នឿយហត់​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើឱ្យ​ស្វាមី ឬ​ភរិយា​របស់​អ្នកមាន​អារម្មណ៍​ថា មិនបាន​បំពេញ​តួនាទី​ជា​ឪពុកម្តាយ​ល្អ​ទៀតផង ដូច្នេះ​វិធី​ដែល​ល្អ​គួរ​បែងចែក​តួនាទី​ឱ្យ​គ្នា​ខ្លះ​ទើប​ជាការ​ប្រសើរ។

៤, មិន​ពរកូន
 លោកឪពុក​អ្នក​ម្តាយ​អាច​នឹង ធ្លាប់​បានឮ​មនុស្ស​ជាច្រើន​និយាយថា មិនគួរ​ពរកូន​ញឹកញាប់​ពេក​ទេ ព្រោះ​ខ្លាច​កូនតូច​ធ្លាប់ខ្លួន​ឱ្យ​ពរ​មិន​ព្រម​ឈប់ តែសូម​ប្រាប់​ការពិតទៅ​ចុះ​ថា បើ​លោកអ្នក​ត្រូវការចង់​ពរកូន​តូច​របស់​ខ្លួនឯង​នោះ​ក៏​ពរ​ទៅ​ចុះ មិនបាច់​ទៅ​ខ្វល់ខ្វាយ​អី​នឹង​ពាក្យ​អ្នក​ឯទៀត​នោះទេ និង​វា​ថែមទាំង​ជា​រឿង​ល្អ​ទៀតផង​ដែល​បាន​នៅ​ជិត​ដឹ​ត​ជាមួយគ្នា​បែប​កក់ក្តៅប្រសើរ​ជាងមក​អង្គុយ​សោកស្តាយ​នៅ​ថ្ងៃ​ដែល​គេ​ធំ​ឡើង​រហូត​ពរលែង​កើត​នោះ។

៥, ដាក់​សម្ពាធ​ខ្លួនឯង
ពិតប្រាកដ​ស្រាប់​ទៅហើយ​ថា ការធ្វើជា​ឪពុកម្តាយ​របស់គេ​លើកដំបូង គឺជា​រឿង​មួយ​ដែល​ពិបាក និង​សែនរ​ញ៉េរញ៉ៃ​បំផុត តែ​សូម​ប្រាប់​ទៅ​ចុះ​ថា មនុស្ស​គ្រប់គ្នា​មាន​សញ្ជាតិញាណ​នៃ​ភាពជា​ឪពុកម្តាយ​ស្រាប់​ហើយ អ្នកនឹង​ស្គាល់​កូន​របស់​អ្នក​ខ្លួនឯង​ល្អ​បំផុត ឬ​បើសិនជា​គេ​មិន​ស្រួលខ្លួន ឬ​មាន​អ្វី​ម្យ៉ាង​នោះ អ្នកនឹង​បានដឹង​ដោយ​សញ្ជាតិញាណ​តែម្តង ដូច្នេះ​អ្នក​មិនចាំបាច់​ត្រូវដាក់​សម្ពាធ​ខ្លួនឯង ឬ​គិតថា​ការចិញ្ចឹម និង​ថែទាំ​កូន​គឺជា​រឿង​ពិបាក​នោះឡើយ។ ត្រឹមតែ​ប៉ុណ្ណឹង​ក៏​នឹង​ធ្វើឱ្យ​អ្នកមាន​សេចក្តីសុខ ហើយ​ការចិញ្ចឹម​មើលថែទាំ​កូន​ក៏​នឹង​ធ្វើឱ្យ​លោកអ្នក​សប្បាយ និង​ហុច​ផល​ល្អ​ដល់​សុខភាព​ផ្លូវចិត្ត​របស់​កូន​ទៀតផង។ ឃើញ​ទេ ថា​ការធ្វើជា​ឪពុកម្តាយ​គេ​មិនមែនជា​រឿង​ដែល​គួរឱ្យ​តានតឹង​ធុញថប់​អារម្មណ៍​នោះទេ គ្រាន់តែ​ផ្លាស់ប្តូរ​នូវ​អ្វីដែល​ខ្លួនឯង​ធ្វើឡើង​ធ្លាប់ខ្លួន​មួយចំនួន ត្រឹមតែ​ប៉ុណ្ណឹង​ក៏​ធ្វើឱ្យ​ការចិញ្ចឹម​មើលថែទាំ​កូន​ក្លាយជា​រឿង​ងាយ និង​សប្បាយ​បាន​បាត់ទៅហើយ៕

Comments

Popular posts from this blog

ប្រការគួរយល់ដឹងសម្រាប់អ្នកម្ដាយ ចំពោះអាហារពេលព្រឹករបស់កូនៗជាទីស្រលាញ់...

វិធីសាស្ដ្រក្នុងការអភិវឌ្ឍន៍ IQ និង EQ ដល់កូនតូចតាំងពីនៅក្នុងផ្ទៃ