អាការចាញ់កូនខ្លាំង ដែលគួរតែយល់ដឹង


តាមរយៈ​ការពិនិត្យ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ៨៥% ក្នុងអំឡុង​ត្រីមាស​ដំបូង​នឹងមាន​អាការ​ចាញ់កូន​យ៉ាងខ្លាំង​ក្លា អ្នកខ្លះ​ដល់​ថ្នាក់​ញ៉ាំ​អ្វី​មិនបាន ញ៉ាំ​ហើយ​ក្អួត​ចេញមក​វិញ​អស់ អ្នក​ខ្លះទៀត​ចាញ់កូន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ត្រូវ​ទៅ​គេង​ព្យួរសេរ៉ូម​នៅឯ​មន្ទីរពេទ្យ​ក៏មាន តែ​សូម​ជឿ​ចុះ​ថា អាការ​ចាញ់កូន​ធ្ងន់ធ្ងរ​របស់​អ្នក​ម្តាយ​នេះ គឺជា​ការបញ្ជាក់​ឱ្យដឹងថា កូន​មាន​សុខភាព​រាងកាយ​រឹងមាំ​ល្អ​តាំងពី​នៅក្នុង​ពោះ​អ្នក​ម្តាយ។
លទ្ធផល​នៃ​ការតាមដាន​ពិនិត្យមើល​អ្នក​ម្តាយ​មានគភ៌​ជាង៨៥0,000 នាក់ បានដឹងថា អ្នក​ម្តាយ​ដែលមាន​អាការ​ចាញ់កូន មិនថាតែ​ចាញ់​ខ្លាំង ឬ​ចាញ់​តិច​នោះទេ ច្រើនតែ​ប្រសូត​ត្រូវចំ​កំណត់ពេល ហើយ​ទារក​ដែល​ប្រសូត​ចេញមក​ក៏មាន​សុខភាព​រាងកាយ​រឹងមាំ​ល្អ តែ​សម្រាប់​អ្នក​ម្តាយ​ដែល​មិនមាន​អាការ​ចាញ់កូន​សោះ​នោះ គិត​ជា​ភាគរយ៩.៥% ច្រើនតែ​ប្រសូត​មុនពេល​កំណត់ និង​ទារក​ខ្លះ​អាច​ស្លាប់បាត់​បង់ជីវិត​តាំង​ពី​នៅក្នុង​គភ៌​ម្តាយ​ផង​ក៏មាន។
អាការ​ចាញ់កូន​កើតឡើង​បាន​ចំពោះ​អ្នក​ម្តាយ​គ្រប់រូប កើតឡើង​ដោយសារ​ការដែល​អ័រម៉ូន​ក្នុង​រាងកាយ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស រហូត​ធ្វើឱ្យ​រាងកាយ​បញ្ជូន​សញ្ញា​អ្វី​ម្យ៉ាង​ចេញមក ដូចជា ក្អួត អស់កម្លាំង​ល្វើយ ចង់តែ​គេង​សម្រាក​រហូត ឆាប់​ទទួល​ដឹង​ក្លិន​លឿន​ជាង​សព្វដង មាន​កង្វល់ និង​មិន​សប្បាយ​ក្នុង​ខ្លួន​ជាដើម  តែ​អាការ​ចាញ់កូន​ទាំងនេះ​នឹង​កើត​ធ្ងន់ធ្ងរ​ចំពោះតែ​ក្នុង​ត្រីមាស​ដំបូង​ប៉ុណ្ណោះ លុះ​ឈាន​ចូលដល់​អំឡុង​ត្រីមាស​ទី២ អាការ​ចាញ់កូន​ទាំងនេះ​នឹង​បាត់អស់​ទៅវិញ  ឬ​មាន​អាការ​ស្រួលខ្លួន​ឡើងវិញ។ បើ​អ្នក​ម្តាយ​មាន​អាការ​ចាញ់កូន មិន​ថា​ច្រើន ឬក៏​តិច​យ៉ាងណា​នោះទេ គួរតែ​ប្រាប់​ទៅ​លោកគ្រូ​ពេទ្យ​ឱ្យ​បានដឹង​គ្រប់​ពេលដែល​ទៅពិនិត្យ​រាងកាយ ដើម្បី​លោកគ្រូ​ពេទ្យ​នឹង​បាន​វាយតម្លៃ​សុខភាព​ទារក​ក្នុង​គភ៌​របស់​អ្នក​ម្តាយ​បាន។ អ្នក​ម្តាយ​ម្នាក់​ណា​ដែលមាន​អាការ​ចាញ់កូន​ខ្លាំង​អាច​ញ៉ាំ​អាហារ​ដើម្បី​សម្រាល​អាការ​បាន​ដូចតទៅ ៖
- ទឹក​ខ្ញីក្តៅៗ ឬ​ត្រជាក់ ផ្អែមតិច។
- បែងចែក​អាហារ​ដែល​ចង់​ទទួលទាន​ចេញ​ជា​ពេល​អាហារតូចៗ ដើម្បី​ទទួលទាន​ក្នុងពេល​ថ្ងៃ។
- នំ​ឃុ​ក​គី ឬ​គ្រែក​ឃើ​រ៍​ដុំតូចៗទុក​យក​ញ៉ាំ​ក្នុងពេល​ថ្ងៃ។
- ញ៉ាំ​ទឹក​ឱ្យបានច្រើនៗ និង​សម្រាក​រាងកាយ​ឱ្យបាន​គ្រប់គ្រាន់។


សម្រាប់​អាការ​ចាញ់កូន អាចនិយាយបាន​ថា​ជា​រឿង​ប្រក្រតី​សម្រាប់​អ្នកមាន​គភ៌ ចូរ​គិតថា ចាញ់កូន​ខ្លាំង កូន​រឹងប៉ឹង​ខ្លាំង ព្រោះ​បញ្ចេញ​អ័រម៉ូន​នៃ​ការ​មានជីវិត​ចេញមក​ច្រើន  តែ​សម្រាប់​ស្ត្រី​មានគភ៌​ដែល​មិនមាន​អាការ​ចាញ់កូន​សោះ​នោះ​ក៏​មិនចាំបាច់​កង្វល់​ដែរ បើ​ពិនិត្យ​រាងកាយ​គ្រប់យ៉ាង​ប្រក្រតី​នោះ ក៏​បញ្ជាក់ថា អ្នកជា​ម្តាយ​ដែល​សំណាងល្អ​ខ្លាំងណាស់​ដែល​មិនចាំបាច់​នឿយហត់​ជាមួយនឹង​អាការ​ចាញ់កូន៕

Comments

Popular posts from this blog

ប្រការគួរយល់ដឹងសម្រាប់អ្នកម្ដាយ ចំពោះអាហារពេលព្រឹករបស់កូនៗជាទីស្រលាញ់...

វិធីសាស្ដ្រក្នុងការអភិវឌ្ឍន៍ IQ និង EQ ដល់កូនតូចតាំងពីនៅក្នុងផ្ទៃ