ចំនុចដែលមិនគួរធ្វើ ចំពោះទារកទើបកើត


កូនតូច​ទើបនឹង​កើត​ដំបូង​នៅមាន​ភាពទន់ខ្សោយ​ខ្លាំងណាស់ លោកឪពុក​អ្នក​ម្តាយ​ត្រូវ​នៅចាំ​យកចិត្តទុកដាក់​មើលថែទាំ​ក្នុង​រឿង​សុវត្ថិភាពជាពិសេស ដើម្បី​សុខភាព និង​វិវឌ្ឍនាការ​ដែល​ល្អ​របស់​កូន​ជាទី​ស្រឡាញ់។ ខាងក្រោម​នេះ​គឺជា​ទង្វើ​ដែល​លោកឪពុក​អ្នក​ម្តាយ​ថ្មោងថ្មី​មិនគួរ​ធ្វើជា​ដាច់ខាត​ដើម្បី​ទាំង​សុខភាព និង​រាងកាយ​របស់​កូនតូច​ទើបនឹង​កើត​ដំបូង។
កុំអាល​នាំទៅ​ដើរលេង​ក្រៅ​ផ្ទះ ទារក​ក្នុង​វ័យ​នេះ​ប្រព័ន្ធ​ការពារ​ជំងឺ​ក្នុង​រាងកាយ​នៅ​ធ្វើការ​មិនទាន់​ពេញលេញ​ឥតខ្ចោះ​នៅឡើយ​ទេ ថែមទាំង​នៅ​មិនទាន់​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ និង​រោគផ្សេងៗឡើយ ការនាំ​ទារក​ទៅ​នៅក្នុង​ទីកន្លែង​ដែល​ពេញ​ទៅដោយ​ល្អងធូលី​ដី ឬ​ខ្យល់អាកាស​ពុល​ជាដើម​នោះ នឹង​ធ្វើឱ្យ​ប្រថុយប្រថាន​នឹង​ការដែល​រាងកាយ​នឹង​ទទួល​មេរោគ និង​អាច​ឈឺថ្កាត់​បាន​យ៉ាង​ងាយ គួរឱ្យ​នៅក្នុង​ផ្ទះ​សិន ដើម្បី​សាង​ប្រព័ន្ធ​ការពារ​ជំងឺ​ឱ្យ​រឹងមាំ​មុននឹង​ចេញ​ប្រឈម​នឹង​ពិភព​ខាងក្រៅ ហើយ​ចូរ​ស្ថិតនៅក្នុង​ទីកន្លែង​ដែលមាន​សុវត្ថិភាព​ផង។
ហាម​ឱ្យ​ញ៉ាំ​អ្វី​ផ្សេង​ក្រៅពី​ទឹកដោះ​អាហារ​ចម្បង​តែមួយ​ប្រភេទ​គត់​សម្រាប់​ទារក​ទើប​កើត​ដំបូង​គឺ​ទឹកដោះ​ម្តាយ ព្រោះ​ក្រពះ​អាហារ និង​ពោះវៀន​កូនតូច​នៅ​មិនទាន់ត្រៀមខ្លួន​ក្នុងការ​ទទួល​អាហារ​ប្រភេទ​ផ្សេង​ឡើយ ព្រោះ​ពេល​ញ៉ាំ​ចូលទៅ​អាច​នឹង​ធ្វើឱ្យ​រាករូស និង​ឈឺ​ថ្កាត់​បាន ចំណែក​អាហារ​បន្ថែម​អាច​ចាប់ផ្តើម​ឱ្យ​ញ៉ាំ​បាន​នៅពេល​អាយុ​គ្រប់6ខែ គឺ​នៅពេលដែល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន​ត្រៀម​ស្រេច​ហើយ។
ប្រើ​ផលិតផល​សម្រាប់​ទារក​តែប៉ុណ្ណោះ​ស្បែក​របស់​កូនតូច​កើត​ដំបូង​មាន​សភាព​ស្តើង​ថ្លា​ដូច​ស្លាប​សត្វ​កន្តុំ​រុយ រហូត​អាច​មើលឃើញ​សរសៃឈាម​នៅ​ខាងក្នុង​បាន​យ៉ាងច្បាស់​ថែមទាំង​នៅលើ​ស្បែក​គ្មាន​មេរោគ​បាក់តេរី​ដែល​ជួយ​ការពារ​មេរោគ​ពី​ខាងក្រៅ​បាន​ដូច​មនុស្ស​ធំ​ទៀតផង ទើប​ស្បែក​កូនតូច​ក្នុងអំឡុង​អាយុ នេះ​ស្តើង​ខ្ចី​មានឱកាស​ប្រតិកម្ម​ចាញ់​ដោយ​ងាយ ហើយ​ថែមទាំង​ងាយ​កើត​ដំបៅ​បាន​ខ្លាំង​ជាង​ប្រក្រតី​ទៀតផង។ ក្រៅពី​ត្រូវ​ប៉ះពាល់​និង​បី​ពកូន​សម្លាញ់​យ៉ាង​ប្រយ័ត្នប្រយែង​ហើយ ការជ្រើសរើស​ប្រើ​ផលិតផល​សម្រាប់​ទារក​ក៏​ចាំបាច់​ណាស់ដែរ គឺ​ដើម្បី​ការពារ​ការ​រលាក​ក្រហាយ​ស្បែក ទាំង​ការប្រើប្រាស់​ទឹកសាប៊ូ​លាង​សម្អាត​ឧបករណ៍ប្រើប្រាស់​របស់​កូនតូច គួរ​ជា​ផលិតផល​សម្រាប់​ទារក​ដែល​គ្មាន​សារធាតុ​គីមី​នៅសេសសល់​ផង។
ត្រូវ​ប្រគង​ទប់​ក​ពេល​បី ឬ​ព ឆ្អឹង ឬ​សន្លាក់​របស់​កូនតូច​ទើប​កើត​ដំបូង​នៅ​មិនទាន់​រឹងមាំ​នៅឡើយ​អាចនិយាយបាន​ថា​នៅ​ទន់​ស្រួយ និង​មានឱកាស​ង​វៀច​បាន​យ៉ាង​ងាយថែមទាំង​នៅ​មិនទាន់​អាច​ទ្រាំទ្រ​បាន​នឹង​កម្លាំង​បោក​ប៉ះ សង្កត់ ឬ​ទាញ​បានឡើយ ជាពិសេស​នៅលើ​ផ្នែក​ដែល​ងាយ​បាក់ និង​ភ្លាត់​គ្រេច​ញឹកញាប់​បំផុត​គឺ ឆ្អឹង​ដៃ ជើង បាតដៃ បាតជើង និង​ឆ្អឹងស្លាបប្រចៀវ។
ការ​បី​ព ឬ​លេង​ជាមួយ​កូន​ត្រូវតែ​ប្រយ័ត្នប្រយែង​កន្លែង​ដែលមាន​សន្លាក់​ត និង​ម្តុំ​ក​ជាពិសេស។ ចំណែក​ឥរិយាបថ​គេង​សម្រាប់​ទារក​ទើបនឹង​កើត​វិញ គួរ​ដាក់ឱ្យ​គេង​ផ្ងារ ដោយ​ឱ្យ​ដងខ្លួន ដៃ និង​ជើង​ព្រលែងសប្បាយៗ មិន​ឱ្យមាន​ផ្នែក​ណាមួយ​ត្រូវ​សង្កត់ ឬ​កោង-ង​ឡើយ ឯ​បញ្ហា​ដែល​ច្រើន​មានការ​កង្វល់​ថា ក្បាល​កូនតូច​នឹង​សំប៉ែត​នោះ ប្រហែលជា​មិនគួរ​ឱ្យ​ភ័យខ្លាច​ស្មើនឹង​សុវត្ថិភាព​របស់​កូន​ទេ ដូច្នេះ​សូមកុំ​បារម្ភ​អី។

ហាម​ចាប់​អង្រួន បោះ ឬ​ចាប់​យោលខ្លាំងៗជាដាច់ខាត​ខួរក្បាល​របស់​កូនតូច​ខួប​ដំបូង​នៅ​វិ​វ​ឌ្ឍ​មិនទាន់បាន​ពេញទំហឹង​ទេ ទាំង​សរសៃឈាម​ក៏មាន​ឱកាស​ដាច់​រហែក​បាន​យ៉ាង​ងាយ​ដែរ ទឹកនៅក្នុង​ប្រអប់​ខួរ​មានទឹក​ច្រើនជាង​សាច់​ខួរក្បាល ការបានទទួល​ការ​ប៉ះ​រញ្ជួយខ្លាំងៗ ដូចជា ត្រូវ​អង្រួន ត្រូវ​យោក ចាប់​បោះ​ទៅលើ​រួច​ចាំ​ទ្រ​វិញ អាចធ្វើឱ្យ​កើត​សភាវ Shaken Baby Syndrome (SBS) គឺ​អា​ការដែល​សាច់​ខួរក្បាល​ទៅ​បោក​ប៉ះ​នឹង​ឆ្អឹងលលាដ៍ក្បាល​រហូត​មាន​ឈាម​ចេញ​ក្នុង​ខួរក្បាល ដែល​អាការ​នេះ​នឹង​ហុច​ផលប៉ះពាល់​ដល់​ការរីកចម្រើន​ធំធាត់​របស់​កូន​បាន៕

Comments

Popular posts from this blog

ប្រការគួរយល់ដឹងសម្រាប់អ្នកម្ដាយ ចំពោះអាហារពេលព្រឹករបស់កូនៗជាទីស្រលាញ់...

វិធីសាស្ដ្រក្នុងការអភិវឌ្ឍន៍ IQ និង EQ ដល់កូនតូចតាំងពីនៅក្នុងផ្ទៃ